ប្រព័ន្ធព្យាបាលដោយចំហាយទឹកដែលហៅថា Rezum វាជាកម្មវិធីការដុតទៅលើពពួកសាច់ដុះក្នុងក្រពេញប្រូស្តាតដ៏ពិសេសមួយ ដែលវិធីនេះត្រូវបានអនុម័តអោយប្រើប្រាស់ដោយនាយកដ្ឋានគ្រប់គ្រងឳសថរបស់សហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ 2015 (U.S FDA) ដោយមានការសិក្សាអះអាងផ្នែកវិទ្យាសាស្រ្តជាច្រើនទៅលើគុណសម្បត្តិក្នុងការជួយសម្រាលជម្ងឺពាក់ព័ន្ធនឹងអាការៈនៃជម្ងឺប្រព័ន្ធបង្ហួរនោម។ ជាបន្តយើងនឹងជជែកលំអិតអំពីបច្ចេកទេសដ៏ល្អពិសេសមួយនេះ។

យើងដឹងស្រាប់ហើយថា ជម្ងឺក្រពេញប្រូស្តាតធំ វាជាជម្ងឺដ៏សាមញ្ញមួយដែលយើងឃើញមានការកើតឡើងលើបុរសដែលផ្តើមមានវ័យចំណាស់។ ការព្យាបាលជម្ងឺនេះមានការប្រែប្រួលខុសៗគ្នាទៅតាមកម្រិតភាពធ្ងន់ធ្ងរដែលស្តែងចេញមកដោយអាការៈរបស់អ្នកជម្ងឺម្នាក់ៗ។
- ការសង្កេតតាមដានអំពីអាការៈ
- ការប្រើថ្នាំព្យាបាល
- ការប្រើកម្មវិធីកោសក្រពេញប្រូស្តាតដោយប្រព័ន្ធ ENDOSCOPIC TRANSURETHRALINTERVENTION
ខ្ញុំនឹងមិនលើកមកនិយាយអពីវិធីព្យាបាលតាមរយៈការសង្កេតឬការប្រើថ្នាំព្យាបាលនោះទេ គឺខ្ញុំនឹងនិយាយបង្ហាញអំពីការកោសក្រពេញប្រូស្តាតតែម្តង។ ជាទូទៅវីធីព្យាបាលដោយការកោសសាច់ក្រពេញប្រូស្តាតគឺជាបទដ្ឋានកម្រិតអន្តរជាតិសម្រាប់ជម្ងឺក្រពេញប្រូស្តាតធំ ហើយកម្មវិធីកោសសាច់ក្រពេញប្រូស្តាតនេះជាភាសាអង់គ្លេសមានឈ្មោះថា TURP ។ ការប្រើកម្មវិធី TURP នេះត្រូវបានប្រើកាំបិតអគ្គិសនីដើម្បីកោសសាច់ក្រពេញប្រូស្តាតចេញម្តងមួយស្រទាប់ៗ ប្រៀបដូចជាការប្រើស្លាបព្រាក្នុងការដួសយកការ៉េមចេញពីក្នុងធុងការ៉េមអញ្ជឹងដែរ។ បើនិយាយពីការព្យាបាលដោយកម្មវិធីប្រព័ន្ធចំហាយទឹកដែលមានឈ្មោះថា REZUM វិញគឺខុសគ្នាតែម្តងបើធៀជាមួយនឹងកម្មវិធី TURP ។
វិធីសាស្រ្តក្នុងការប្រើកម្មវិធី REZUM គឺមិនមានការប្រើកាំបិតកោសទៅលើសាច់ក្រពេញប្រូស្តាតដូចច្នោះទេ។ គេបានប្រើម្ជុលពិសេសម្យ៉ាងដែលបង្កើតឡើងសម្រាប់ជម្ងឺនេះផ្ទាល់ ដោយចាក់បញ្ចូលម្ជុលនេះទៅក្នុងឧបករណ៍អង់ដូស្កូប (យើងអាចនិយាយថាកម្មវិធីនេះមិនមែនជាការវះកាតឡើយព្រោះវាគ្រាន់តែជាការប្រើម្ជុលចូលតែប៉ុណ្ណោះ)។ បន្ទាប់មកវេជ្ជបណ្ឌិតនឹងប្រើការចោះទៅលើក្រពេញប្រូស្តាតដោយប្រើម្ជុលពិសេសនេះ ចោះរួចវេជ្ជបណ្ឌិតនឹងបញ្ជូលទឹកដែលមានកម្រិតក្តៅប្រហែល 70 អង្សារសេចូលទៅ។ ទឹកក្តៅដែលចាក់បញ្ជូលត្រូវបានកំណត់ទឹសដៅអោយចំទៅក្នុងជាលិកាក្រពេញប្រូស្តាត ឥទ្ធិពលរបស់ទឹក្តៅនេះនឹងសន្សឹមៗធ្វើអោយជាលិកាក្រពេញប្រូស្តាតរួមតូចម្តងបន្តិចៗតាមពេលវេលា។ អ្នកជម្ងឺអាចដឹងអំពីសញ្ញានៃភាពប្រសើររបស់ក្រពេញប្រូស្តាតដែលរួមតូចបានក្នុងអំឡុងពេល1ខែក្រោយការព្យាបាលដោយកម្មវិធី REZUMនេះ។
តារាងប្រៀបធៀបបង្ហាញពីគុណសម្បត្តិនិងគុណវិបត្តិរបស់កម្មវិធី REZUM ចំពោះការព្យាបាលជម្ងឺក្រពេញប្រូស្តាតធំ។
Rezum - គុណសម្បត្តិនិងគុណវិបត្តិ
គុណសម្បត្តិរបស់ REZUM | គុណវិបត្តិរបស់ REZUM |
ប្រើត្រឹមតែថ្នាំងងុយគេងមុនធ្វើតែប៉ុណ្ណោះ | តម្រូវអោយមានការតាមដានជាដរាប |
មិនតម្រូវអោយសម្រាកក្នុងមន្ទីរពេទ្យ | សម្រាប់អ្នកជម្ងឺនោមមិនចេញ មិនអនុញ្ញាតអោយប្រើកម្មវិធីនេះ។ |
មិនប៉ះពាល់ដល់មុខងាប្រដាប់ភេទបុរស | សម្រាប់អ្នកជម្ងឺដែលទើបតែជាពីជម្ងឺរលាកប្រព័ន្ធបង្ហួរនោម មិនអនុញ្ញាតអោយប្រើកម្មវិធីនេះ។ |
ចំណាយពេលខ្លីក្នុងការធ្វើកម្មវិធីនេះ | មិនសមនឹងទំហំក្រពេញប្រូស្តាត > 120 mL |
ធ្វើអោយអាការៈនៃជម្ងឺប្រព័ន្ធបង្ហួរនោមមានការប្រសើរឡើង | សម្រាប់អ្នកជម្ងឺដែលមានប្រវត្តិបាញ់កាំរស្មី មិនអនុញ្ញាតអោយប្រើកម្មវិធីនេះ។ |
អ្នកជម្ងឺភាគច្រើនតម្រូវអោយមានការសុងបង្ហួរនោមក្រោយការប្រើកម្មវិធីនេះ។ |

នេះជាដំណឹងដ៏ល្អមួយសម្រាប់ពលរដ្ឋខ្មែរនិងជនជាតិបរទេសដែលរស់នៅឬធ្វើការក្នុងស្រុកខ្មែរដែលលោកអ្នកអាចនឹងទទួលយកសេវាកម្មនៃកម្មវិធីនេះពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញក្នុងពេលដ៏ខ្លីខាងមុខ។ ប្រសិនលោកអ្នកមានសំនួរបន្ថែមទាក់ទងនឹងប្រធានបទខាងលើនេះសូមលោកអ្នកជជែកជាមួយវេជ្ជបណ្ឌិតជំនាញនៃជម្ងឺប្រព័ន្ធទឹកនោមរបស់លោកអ្នកបន្ថែម ក្នុងនេះលោកអ្នកនៅតែអាចផ្ញើរសំនួរផ្សេងៗដែលពាក់ព័ន្ធនឹងបញ្ហានេះមកខ្ញុំបាន ខ្ញុំរីករាយនឹងឆ្លើយតប។ ជួបគ្នាម្តងទៀតសម្រាប់ប្រធានបទក្រោយៗ!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




