ខ្ញុំបានជួបអ្នកជម្ងឺដែលមានអាការៈប្រភេទនេះជាច្រើននាក់តាមរយៈបទពិសោធន៍និងការព្យាបាលទាក់ទងជាមួយនឹងជម្ងឺនៅក្នុងប្រព័ន្ធទឹកនោមកន្លងមកនៅក្នុងកន្លែងពិនិត្យនិងព្យាបាលជម្ងឺរបស់ខ្ញុំ។ អ្នកជម្ងឺដែលមានអាការរបៀបនេះភាគច្រើនគាត់តែងតែរត់មកមន្ទីរពេទ្យដេកស្រែកឈឺពងស្វាសនៅលើគ្រែក្នុងផ្នែកសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យនីមួយៗ។ វាមានការឈឺចាប់ខ្លាំងណាស់ ឈឺរហូតធ្វើអោយអ្នកជម្ងឺមិនអាចធ្វើអ្វីបាន ក្រៅតែអំពីដេកសម្ងំថ្ងូរស្រែកអោយពេទ្យជួយតែប៉ុណ្ណោះ។ ខ្ញុំគិតឃើញភ្លាមថា នៅពេលដែលអ្នកជម្ងឺដែលមានអាការៈរបៀបនេះមកដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតផ្នែកជម្ងឺប្រព័ន្ធទឹកនោមនឹងសន្មត់ភា្លមៗចំពោះអាការៈនៃជម្ងឺនេះថាជាពិតជាជម្ងឺ “រមួលពងស្វាស” ហើយអាការៈនៃជម្ងឺនេះ ខ្ញុំធ្លាប់បានសរសេរបង្ហាញនៅក្នុងប្រធានបទដែលកន្លងទៅរួចមកហើយដែរ។

ជាការពិតអាការៈនៃជម្ងឺនេះជាក់ស្តែងវាមិនមានភាពគ្នាបេះដាក់ដូចទៅនឹងអ្វីដែលគេសរសរនៅក្នុងអត្ថបទទាំងអស់នោះទេ។ សញ្ញាសំខាន់នៃអាការៈនៃជម្ងឺរមួលពសងស្វាសនេះគឺមានន័យថា “គ្មានសញ្ញដែលចរន្តឈាមរត់ទៅចិញ្ចឹមពងស្វាស” ក្នុងពេលដែលយើងធ្វើអេកូ Doppler ultrasonography ។ ចុះបើក្នុងករណីដែលយើងធ្វើអេកូវាបែរជាមានចរន្តឈាមរត់ទៅចញ្ចឹមពងស្វាសទៅវិញ តើយើងគួរឆ្លើយប្រាប់អ្នកជម្ងឺថាយ៉ាងម៉េចទៅវិញ? បញ្ហានេះហើយដែលខ្ញុំលើកយកមកជជែកគ្នាទាក់ទងទៅនឹងអាការៈនៃជម្ងឺម្យ៉ាងដែលយើងហៅថា អាការៈនៃជម្ងឺរមួលនិងហើមពងស្វាសជាអន្លើៗ សម្រាប់ប្រធានបទថ្ងៃនេះ។
អាការៈនៃជម្ងឺរមួលនិងហើមពងស្វាសជាអន្លើៗ វាជាសភាពនៃការរមួលពងស្វាសដែលវាអាចរលាចេញដោយខ្លួនវាបាន។ ពេលដែលភាពរមួលរលាមកវិញ ការឈឺចាប់នឹងបាត់ទៅវិញដូចគ្នាដែរ។ ភាពបរាជ័យក្នុងការកំនត់សញ្ញានៃអាការៈនៃជម្ងឺនេះ វាអាចនាំអ្នកជម្ងឺទៅកាន់សភាពធ្ងន់ធ្ងរក្នុពេលណាមួយក៏ថាបាន ហើយពេលខ្លះវាអាចធ្វើអោយអ្នកជម្ងឺបាត់បងនឹងខូចខាតពងស្វាសរបស់គាត់តែម្តង។
សញ្ញាដែលគួរចាប់អារម្មណ៍សម្រាប់អាការៈនៃជម្ងឺរមួលនិងហើមពងស្វាសជាអន្លើៗ
- មានការឈឺចាប់ភ្លាមៗលើពងស្វាស
- ឈឺខ្លាំងតែម្តងលើពងស្វាស
- ភាគច្រើនតែងតែឈឺពងស្វាសខាងឆ្វេងតែមួយចំហៀង
- ការឈឺចាប់នឹងរាលចុះមកម្តុំច្រវែកក្រលៀន
- ការឈឺចាប់អាចនឹងបាត់ទៅវិញប្រហែលមួយម៉ោង
- ការឈឺចាប់អាចកើតឡើងវិញក្នុងអំឡុងពេលមួយអាទិត្យឬមួយខែក្រោយទៀត
- ការរួញឡើងជាទម្រងបណ្តោយពេលរមួលនេះជាសញ្ញាបញ្ជាក់ក្នុងពេលពិនិត្យ
ការប្រើរូបភាពវិជ្ជសាស្រ្តសម្រាប់អាការៈនៃជម្ងឺរមួលពងស្វាសជាអន្លើៗ
- យើងនឹងឃើញថានឹងមានឈាមរត់ទៅចិញ្ចឹមពងស្វាសធម្មតាក្រោយការធ្វើអេកូ Doppler ultrasonography ។

នៅពេលដែល អាការៈនៃជម្ងឺរមួលពងស្វាសជាអន្លើៗត្រូវបានសង្ស័យ អ្នកជម្ងឺនឹងត្រូវណែនាំអោយទទួលការវះកាត់ម្យ៉ាងដែលមានឈ្មោះថា “Ochiopexy” ការវះកាត់ប្រភេទនេះជាការវះកាត់ជួសជុលដើម្បីកុំអោយជម្ងឺនេះវាធ្វើទុកឡើងមកម្តងទៀតនាថ្ងៃខាងមុខ។ ប្រសិនបើលោកអ្នកមានសំនួរឬចម្ងល់សូមជជែកជាមួយវេជ្ជបណ្ឌិតផ្នែកជម្ងឺប្រព័ន្ធទឹកនោមដែលមានជំនាញច្បាស់លាស់ ឬមួយលោកអ្នកអាចផ្ញើសំនួរទាំងឡាយមកខ្ញុំបាន។ សូមថែរក្សាសុខភាព!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.


