ជម្ងឺរើមលើប្រដាប់បន្តពូជជាជម្ងឺដ៏សាមញ្ញមួយដែលខ្ញុំឧស្សាហ៍ជួបអ្នកជម្ងឺនៅក្នុងបន្ទប់ព្យាបាលរបស់ខ្ញុំ។ ជម្ងឺនេះវាតោងបង្ករអាការៈរលាកអាប់សែនៅលើប្រដាប់បន្តពូជ ហើយអាការៈនេះហើយដែលជាសញ្ញាបញ្ជាក់យ៉ាងច្បាស់សម្រាប់ជម្ងឺមួយប្រភេទនេះ។ ហើយម្យ៉ាងវិញទៀតដែរក្នុងការធ្វើរោគវិនិច្ឆ័យនៃជម្ងឺនេះវាមិនមានអ្វីលំបាកសម្រាប់គ្រូពេទ្យឡើយ។ នៅក្នុងប្រធានបទមួយនេះ យើងនឹងធ្វើការបកស្រាយទៅលើសំនួរដែលឧស្សាហ៍សួរជារឿយៗ ដែលសំនួរទាំងនេះមានដូចជា៖ តើជម្ងឺនេះវាកើតឡើងយ៉ាងដូចម្តេច? តើហេតុអ្វីបានជាខ្ញុំកើតជម្ងឺនេះ? តើជម្ងឺនេះអាចព្យាបាលជាដែរឬទ? តើយើងត្រូវការពារជម្ងឺនេះតាមរបៀបណាដើម្បីកុំអោយវាកើតឡើងម្តងទៀត?

ប្រដាប់បន្តពូជ Herpes បណ្តាលមកពីវីរុស Herpes simplex (HSV) ដែលមានពីរប្រភេទ។
- HSV-1 strain -ដែលជាធម្មតាវិរុសនេះរស់នៅក្នុងទីតាំមួយចំនួនដែលភាសាអង់គ្លេសហៅថា perioral area មានដូចជា៖ បបូរមាត់,គេមមមាត់ ជាដើម។ វិរុសក្រញ៉ៅ1នេះវាតែងតែបង្ករអោយមានការរលាកពងបែកតាមទីកន្លែងនីមួយៗហើយវាក៏អាចកើតនៅលើប្រដាប់ភេទយើងបានផងដែរ។
- HSV-2 strain -ដែលជាធម្មតាវិរុសនេះវារស់នៅទីតាំងបរិវេណប្រដាប់ភេទតែម្តង ហើយវានឹងបង្ករជាជម្ងឺរើមនៅលើប្រដាប់បន្តពូជជាគោល។ ចំនុចនេះជាប្រធានបទដែលយើងនឹងលើកយកមកនិយាយបន្ត។

វិធីចំបងដែលអាចចម្លងវិរុសមួយនេះគឺដោយការប៉ះផ្ទាល់ទៅនឹងសារធាតុរាវរបស់អ្នកជម្ងឺដែលមានវិជ្ជមានជម្ងឺរើមនេះ (ជាពិសេសគឺបានប៉ះផ្ទាល់ទៅនឹងពងបែកដែលមានទឹករងៃ) នៅពេលមានការប៉ះពាល់និងមានការចម្លងរួចហើយជម្ងឺនេះនឹងបញ្ចេញជាអាការៈអោយយើងដឹងតាមរយៈ ការឈឺចាប់ដោយសារមានពងបែកនិងបណ្តុំគ្រាប់ៗនៅក្នុងទីតាំងដែលបានកើតនេះ ហើយទីតាំងនេះហើយដែលវាអាចនឹងបន្តការចម្លង។ ជាធម្មតាវានឹបញ្ចេញសញ្ញានៃការឆ្លងរយៈពេល ១៤ថ្ងៃបន្ទាប់ពីមានការចម្លងរោគ ចំនែកឯអាការៈវិញគឺវាមានការប្រែប្រួលទៅតាមស្ថានភាពអ្នកជម្ងឺ។ ចំនែកឯវិរុសវាបានលាក់ខ្លួននៅក្នុងប្រព័ន្ធប្រសាទរបស់យើង ហើយវានឹងនៅក្រាំងក្នុងទីនោះតែម្តង។ ចំនុចតែម្យ៉ាងគត់ដែលមិនអាចធ្វើអោយវិរុសនេះបញ្ចេញសកម្មភាពបាន គឺដោយសារប្រព័ន្ធភាពផ្សាំ immunity របស់យើងខ្លាំង។

នៅពេលដែលប្រព័ន្ធភាពផ្សាំរបស់អ្នកជម្ងឺចុះខ្សោយ ឧទាហរណ៍៖
- គ្រប់ប្រភេទជម្ងឺប្រចាំកាយដែលកើតមាន
- ធ្វើការងារនឿយហត់ច្រើន ហើយមិនបានដេកអោយគ្រប់គ្រាន់
- មានជម្ងឺសតិអារម្មណ៍និងជម្ងឺផ្លូវចិត្ត

កត្តាខាងលើនេះហើយដែលអាចធ្វើអោយវិរុសបង្កើតសកម្មភាពបាន ហើយវាបានធ្វើដំណើរទៅកាន់ស្បែកប្រដាប់បន្តពូជរបស់យើង ហើយវាក៏បញ្ចេញអាការៈម្តងទៀត។ ចរន្តដ៏គួរអោយធុញទ្រាន់មួយនេះវានឹងកើតឡើងកើតចុះស្ទើរមួយជីវិតរបស់យើង។
មធ្យោបាយដើម្បីធ្វើរោគវិនិច្ឆ័យនៃជម្ងឺរើមលើប្រដាប់បន្តពូជនេះមានភាពប្រែប្រួលដោយអាស្រ័យទៅតាមស្ថានភាពផ្សេងៗ។
- ប្រសិនបើអាការៈបានបង្ហាញច្បាស់ ហើយយើងអាចប៉ានប្រមាណដឹងតាមរយៈការសាកសួរពីប្រវត្តិនៃជម្ងឺរើមលើប្រដាប់បន្តពូជមកមុនហើយនោះ ដូច្នេះការធ្វើរោគវិនិច្ឆ័យអាចសម្រេចយកជាការបានដោយមិនចាំបាច់ធ្វើតេស្តអ្វីបន្ថែមឡើយ។
- Tzank smear -យើងយកសំណាកផ្ទាល់ពីកន្លែងដែលមានដាច់រលាត់ដោយការបៀកផ្ទាល់។
- HSV PCR test -យើងប្រើការបូមឈាមទៅពិនិត្យក្នុងករណីដែលយើងមិនអាចបៀកយកសំណាកបាន។


ការព្យាបាលជម្ងឺរើមលើប្រដាប់បន្តពូជ គឺយើងប្រើប្រាស់ឪសថប្រឆាំងវិរុស anti-viral agents ហើយការព្យាបាលនេះវាមានផលវិជ្ជមានក្នុងន័យការកាត់បន្ថយអំឡុងពេលនៃការបញ្ចេញរោគសញ្ញាផងអំឡុងពេលនៃការចម្លងបន្តផង។ មានអត្ថបទមួយបានបង្ហាញថា ជម្ងឺរើមលើប្រដាប់បន្តពូជនេះវាអាចនឹងជាដោយមិនចាំបាច់ប្រើប្រាសថ្នាំក្នុងរយៈពេល19ថ្ងៃ។ ខាងក្រោមនេះជាតារាងឈ្មោះនៃពពួកក្រុមថ្នាំប្រឆាំងវិរុស ៖
- Acyclovir - រូបមន្តស្តង់ដារដែលមានផលរំខានដោយសារថ្នាំទាបបំផុត
- Valacyclovir - ល្អអាចជ្រាបតាមជាលិកាពោះវៀនតូចបានលឿន
- Panciclovir - ជាប្រភេទក្រែមតូពីកាល់ដែលអាចលាបលើបបូរមាត់ដែលមានវិរុសរើមនេះបាន
- Ganciclovir - ជាការបន្ថែមប្រសិទ្ធិភាបដែលអាចប្រឆាំងនឹងវិរុសដទៃទៀត ដូចជាពពួក Cytomegalovirus (CMV)

ដោយឡែកបច្ចុប្បន្ននេះយើងនូវពុំទាន់ទទួលបានការអនុម័តអោយប្រើថ្នាំបង្ការ HSV vaccination សម្រាប់វិរុស HSV នៅឡើយ ហើយម្យ៉ាងវិញទៀត វិរុសដែលកើតនៅលើប្រដាប់បន្តពូជវាតែងតែបង្ករភ្ជាប់មកជាមួយនឹងពពួកមេរោគដែលបង្ករជម្ងឺកាមរោគដទៃទៀតផងដែរ។ ដូច្នេះហើយជាការល្អនៅពេលដែលលោកអ្នកមានជម្ងឺរើមប្រភេទនេះ លោកអ្នកគប្បីគួរតែធ្វើតេស្តរកជម្ងឺកាមរោគផងដែរទើបជាការល្អ។ ខ្ញុំគ្មានការណែនាំអ្វីផ្សេងទៀត ក្រៅតែអំពីអោយលោកអ្នកថែរក្សាសុខភាពរបស់ខ្លួនអោយបានរឹងមាំ ព្រោះនៅពេលលោកអ្នកមានសុខភាពរឹងមាំលោកអ្នកនឹងអាចឈ្នះគ្រប់ជម្ងឺអ្វីៗទាំងអស់។ សូមជូនពរលោកអ្នកមានសុខភាពល្អ!
អ្នកអាចចូលមើលគេហទំព័ររបស់ខ្ញុំ នៅទីនេះ.




