ដោយយោងទៅលើចំនួនអ្នកជម្ងឺយ៉ាងច្រើន ដែលពួកគាត់បានមកទទួលការកាត់ស្បែកចុងលឹង្គមិនព្រលាត់ពីខ្ញុំ ហើយរឿងសំខាន់ដែលខ្ញុំចង់ប្រាប់ទៅពួកគាត់នោះគឺការគ្រប់គ្រោងនិងថែទាំក្រោយការវះកាត់នេះឯង។ នៅក្នុងប្រធានបទមួយនេះ សូមលោកអ្នកយកចិត្តទុកដាក់អំពីសេចក្តីណែនាំក្រោយពីលោកអ្នកបានទទួលការវះកាត់រួចរាល់ហើយ។

ជាដំបូង ខ្ញុំចង់បង្ហាញប្រាប់លោកអ្នកថា បច្ចេកទេសដែលខ្ញុំយកមកប្រើប្រាស់ក្នុងការវះកាត់ជូនលោកអ្នកនោះ គឺជាបច្ចេកទេសដែលយើងហៅឈ្មោះវាថា “ការវះកាត់របៀបមូរដៃអាវ” ឬជាភាសាអង់គ្លេសគេហៅថា “Sleeve technique” ។ ការប្រើបច្ចេកទេមួយនេះ អ្នកជម្ងឺនឹងទទួលបានអត្ថប្រយោជន៍ក្នុងន័យរឿងសម្រស់បានយ៉ាងល្អប្រសើរ។ ហើយខាងក្រោមនេះជាការណែនាំផ្ទាល់របស់ខ្ញុំ ៖
ការណែនាំអំពីការកាត់ស្បែកតាមបច្ចេកទេសក្រោយដៃអាវ។
ក្នុងរយៈពេល ៦ ម៉ោងបន្ទាប់ពីការវះកាត់កាត់ស្បែក។
- លឹង្គរបស់អ្នកនឹងនៅតែស្ពឹក ការស្ពឹកនេះដោយសារការប្រើថ្នាំស្ពឹកដែលខ្ញុំបានចាក់ចូលទៅក្នុងប្រព័ន្ធប្រសាទ ដើម្បីកុំអោយលោកអ្នកឈឺចាប់ក្នុងពេលវះកាត់។
- លោកអ្នកអាចនោមចេញបានជាធម្មតា
- កុំទាប់បើកស្កុតរុំ! ស្កុតអាចជួយឃាត់ឈាមក្រោយពេលវះកាត់បាន។
- អាចបើកស្កុតបន្តិចម្តងៗ នៅថ្ងៃស្អែកព្រឹក។ បើស្អែកមានអ្វីមិនល្អកើតឡើង សួមទាក់ទងខ្ញុំ

រយៈពេល១សប្តាហ៍ក្រោយការវះកាត់
- ពិសារថ្នាំផ្សះនិងថ្នាំបំបាត់ការរលាកដូចដែលខ្ញុំបានណែនាំលោកអ្នកអោយពិសារ។
- លោកអ្នកអាចងូតទឹកបានជាធម្មតា គ្រាន់តែការពារកុំអោយទឹកប៉ះឬជ្រាបចូលទីតាំងមុខរបួសរបស់លោកអ្នកតែប៉ុណ្ណោះ។ ដោយសារនៅពេលមានទឹកជ្រាបចូលទៅគឺវាបានលាយជាមួយសាប៊ូ ដូច្នេះលោកអ្នកនឹមានអារម្មណ៍ថាវាផ្សាឬក្រហាយបាន។
- សូមលាបគ្រីមថ្នាំផ្សះឈ្មោះ Terramycin មួយថ្ងៃ២ដងលើមុខរបួសវះកាត់ បន្ទាប់ពីលោកអ្នកងូតទឹករួចរាល់។
- សកម្មភាពលឹង្គឡើងរឹងពេលព្រលឹមតាមធម្មជាតិជាភាសាអង់គ្លេស “Morning penile erection” វានឹងអាចធ្វើអោយលោកអ្នកឈឺចាប់បន្តិចបន្តួចដោយសារមានការតឹងលើស្បែករបួស។ ជាធម្មតាមិនតម្រូវអោយលោកអ្នកប្រើថ្នាំបន្ទន់ឬបំបាត់ការឈឺចាប់ឡើយ លើកលែងក្នុងករណីមានអ្នកជម្ងឺខ្លះ លឹង្គគាត់ឡើងរឹងខ្លាំងហើយគាត់ទ្រំឈឺមិនបាន (ក្នុងករណីនេះលោកអ្នកអាចប្រាប់ខ្ញុំផ្ទាល់ ព្រោះខ្ញុំអាចជួយដោះស្រាយជូនលោកញអ្នកបាន)។
- ហាមមិនអោយលោកអ្នកមានសកម្មភាពផ្លូវភេទណាៗទាំងអស់
- មិនអនុញ្ញាតអោយលោកអ្នកធ្វើលំហាត់ប្រាណណាដែលមានសណ្ឋានធ្ងន់ ដូចជា ការរត់យឺតៗ, ការរត់មិនឈប់(រត់ម៉ារ៉ាតុង) ឬជិះកង់ឡើយ។
- ការដើរអាចអនុញ្ញាតអោយលោកអ្នកដើរបាន
- សកម្មភាពការរស់នៅតាមបែបសាមញ្ញអាចអនុញ្ញាត ប៉ុន្តែការធ្វើសកម្មភាពតាមរបៀបការចុះត្រួតពិនិត្យការងារតាមទីកន្លែងផ្សេងៗខាងក្រៅអាចនឹងផ្តល់ការអនុញ្ញាត តែតម្រូវអោយមានជំនួយការក្នុងការអនុវត្តសកម្មភាពទាំងអស់នោះ។
- លោកអ្នកត្រូវបានណែនាំអោយស្លៀកខោក្នុងធូរៗ ជាជាងការស្លៀកខោក្នុង រិតតឹងខ្លាំង។
នៅពេល១សប្តាហ៍កន្លងផុតទៅក្រោយការវះកាត់ លោកអ្នកមានអារម្មណ៍ថាមានផាសុកនៅចំទីតាំងនៃមុខរបួសដែលវះកាត់ហើយនោះ ហើយក្រមររបួសនឹងដាច់របូតអស់ក្នុងរយៈពេលនេះផងដែរ។

ក្នុងរយៈពេល 2-4សប្តាហ៍ក្រោយការវះកាត់
- មិនចាំបាច់លាបគ្រីមថ្នាំផ្សះឈ្មោះ Terramycin ទៀតឡើយ ដោយសារមុខរបួសបានជាសះតាមធម្មជាតិអស់ទៅហើយ។
- អំបោះថ្នេររបួសនិងរបូតម្តងមួយៗរហូតទាល់តែអស់តែម្តងក្នុងរយៈពេល ១ខែ (អាយុកាលនៃអំបោះថ្នេរនេះ គឺ១ខែ ដូច្នោះហើយទើបយើងនិយាយថា រយៈពេល១ខែគឺជាពេលដេលវានឹងរបូតអស់) ។
- អាចធ្វើលំហាត់ប្រាណសណ្ឋានធ្ងន់បាន តែត្រូវប្រុងប្រយ័ត្ន ខ្ញុំចង់មានន័យថាសន្សឹមៗតម្លើង ការហាត់ប្រាណពីស្រាលទៅធ្ងន់ដោយមិនបង្ខំ។
- ការធ្វើសកម្មភាពប្រចាំថ្ងែនៅទីតាំងខាងក្រៅ អាចអនុញ្ញាតបាន
- លោកអ្នកអាចស្លៀកខោក្នុងគ្រប់ជម្រើស តឹងធូរ តាមចំណូលចិត្តរបស់លោកអ្នក។
- ហាមរាល់សកម្មភាពផ្លូវភេទដដែល ទោះជាមុខរបួសបានជាសះហើយក្តី! ព្រោះដោយសារមុខរបួសនៅមិនទាន់សះល្អដូចសភាពប្រក្រតីនៃសាច់របស់យើងនៅឡើយក្នុងអំឡុងពេលនេះ។ សូមេត្តារង់ចាំ
រយៈពេល ៤សប្តាហ៍ក្រោយការវះកាត់
- លោកអ្នកអាចកត់សម្គាល់ដោយខ្លួនឯងថារបួសលោកអ្នកពិតជាសះល្អ
- លោកអ្នកអាចត្រឡប់មករស់នៅតាមរបៀបដូចសព្វមួយដង

បើលោកអ្នកមានសំនួរពាក់ព័ន្ធនឹងប្រធានបទមួយនេះ សូមលោកអ្នកផ្ញើសំនួរមកកាន់ខ្ញុំ។ សូមលោកអ្នករីករាយជាមួយនឹងរបស់ថ្មីដែលោកអ្នកទើបទទួលបាន។


