ដូចដែលខ្ញុំធ្លាប់បានប្រាប់លោកអ្នកម្តងរួចទៅហើយទាក់ទងនឹងរឿងមហារីកក្រពេញប្រូស្តាតនេះ គឺយើងនឹងនិយាយផ្តោតែទៅលើបញ្ហាជម្ងឺមហារីកក្រពេញប្រូស្តាតដែលមានស្ថានភាពឬកម្រិតស្រាល (និយាយអោយងាយសស្តាប់ មហារីកដែលមិនកាច)តែប៉ុណ្ណោះ។ ដំណើរការវិវឌ្ឍន៍នៃជម្ងឺនេះគឺផ្តើមចេញពីចំនុចការកើនឡើងតួលេខនៃមុខងារក្រពេញប្រូស្តាតដែលយើងហៅថា Prostate-Specific Antigen (PSA) តាមរយៈការវិភាគឈាម ដែលភាគច្រើនអ្នកជម្ងឺមកធ្វើការពិនិត្យសុខភាពប្រចាំឆ្នាំហើយបានធ្វើតេស្តមួយប្រភេទនេះ។ បន្ទាប់ពីលទ្ធផលឈាមនៃមុខងារក្រពេញប្រូស្តាតមានការកើនឡើងតួលេខលើសកម្រិតសំគាល់ អ្នកជម្ងឺរូបនេះនឹងត្រូវបញ្ជូនមកជួបផ្នែកជំនាញប្រពន្ធទឹកនោមដើម្បីធ្វើការវិភាគបន្ត ថាតើគួរតែមានរបៀបតានដានមួយណាដែលគួរធ្វើ ទាក់ទងទៅនឹងគុណសម្បត្តិនិងគុណវិបត្តិដែលទទួលបានក្រោយការធ្វើកម្មវីធីពិនិត្យនោះ។ ភាគច្រើនការធ្វើកម្មវិធីដើម្បីកំនត់រោគវិនិច្ឆ័យនៃជម្ងឺមហារីកក្រពេញប្រូស្តាតនេះ តែងតែចាប់ផ្តើមដោយការច្រឹបសាច់ក្រពេញប្រូស្តាតយកទៅវិភាគ។ មានសំនួរតែងតែសួរថា “តើរាល់ការធ្វើរោគវិនិច្ឆ័យលើជម្ងឺមហារីកក្រពេញប្រូស្តាត គឺតម្រូវអោយមានការច្រឹបសាច់ដើម្បីវិភាគនិងវាយតម្លៃគ្រប់ពេលឬយ៉ាងណា?” ចម្លើយគឺ “មិនដូច្នេះទេ”! តទៅនេះខ្ញុំនឹងបង្ហាញទិន្នន័យដែលជាភស្តុតាងជាក់ស្តែងជូនលោកអ្នក

មានឯកសារដ៏គួរអោយចាប់អារម្មណ៍ពីសហរដ្ឋអាមេរិកអំឡុងឆ្នាំ 2007 គឺគេបានយកសាកសពរបុរសវ័យចំណាស់ទៅធ្វើកោសល្យវិច័យ សាកសពបុរសទាំងនោះគឺមានវ័យចំណាស់ពីអាយុ 64 ឆ្នាំ ស្លាប់ដោយជរាពាធ ហើយពួកគាត់គ្មានប្រវត្តិជម្ងឺមហារីកក្រពេញប្រូស្តាតឡើយ។ ខាងក្រោមនេះជារបាយការណ៍ក្រោយធ្វើកោសសល្យវិច័យសាកសព៖
- 29%នៃការវះសាកសពពិនិ្យគឺឃើញមានកម្រិតជម្ងឺមហារីកក្រពេញប្រូស្តាត
- ក្នុង29%នេះវាមាន70%នៅក្នុងនោះដែលជាប្រភេទមហារីកមិនកាច ហើយដែលមិនតម្រូវអោយយើងធ្វើអ្វីវាឡើយ។

ទិន្នន័យទាំងអស់នេះចង់បង្ហាញថា លោកអ្នកមិនចាំបាច់ធ្វើអ្វីផ្សេងៗដូចជាការប្រើម្ជួលចោះច្រឹបយកសាច់ទៅវិភាគនោះទេ ដោយសារការធ្វើរបៀបនេះពេលខ្លះវាបង្ករអោយមានផលស្មុគស្មាញដូចជានោមចេញមកលាយឈាម, បន្ទោរបង់ចេញមកលាយឈាម, ទឹកកាមលាយឈាម ឬក៏ជួនកាលអាចប្រឈមជាមួយការបង្កររោគនៅក្នុងចរន្តឈាមដែលវាអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតយើងផងដែរ។
ទោះជាយ៉ាងក៏ដោយក្នុងពេលមានភាពចាំបាច់ដើម្បីធ្វើការច្រឹបសាច់ទៅវិភាគមែននោះ ក៏យើងចាំបាច់ត្រូវតែធ្វើវាតាមការស្នើរសុំរបស់គ្រូពេទ្យដែរ។ អ្វីដែលជាបញ្ហានោះគឺធ្វើដូចម្តេចដើម្បីចៀសវាងការច្រឹបសាច់? សម្រាប់គ្រូពេទ្យផ្នែកប្រព័ន្ធទឹកនោមយើងនៅតែមានសុទដ្ឋិនិយមក្នុងការយកកម្មវិធីស្កែនប្រភេទ MRI មកប្រើប្រាស់ដើម្បីកំនត់សញ្ញានៃជម្ងឺនេះ។ ខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិនៅពេលដែលយើងប្រើឧបករណ៍ការស្កែន MRI ដើម្បីតាមដានជម្ងឺមហារីកក្រពេញប្រូស្តាត។
គុណសម្បត្តិនៃក្រពេញប្រូស្តាត MRI
- វាមិនមែនជាវះកាត់ដូច្នោះរូបភាពវិជ្ជសាស្ត្រដែលទទួលបានគឺគ្រប់ជ្រុងជ្រោយសម្រាប់រូបរាងនៃក្រពេញប្រូស្តាតទាំងមូល។
- បានផ្តល់ព័ត៏មានយ៉ាងពេញលេញសម្រាប់គ្រូពេទ្យប្រព័ន្ធទឹកនោមក្នុងការសម្រេចចិត្តថាតើគួរតែធ្វើការច្រឹបយកសាច់នៃផ្នែកណាមួយនៃក្រពេញប្រូស្តាតមកវិភាគឬយ៉ាងណា។
- បានដល់ទៅ 90%នៃភាពច្បាស់លាស់ក្នុងការចាប់យកពពួកមហារីកដែលមិនវិវឌ្ឍនលឿន ដែលជាចំនុចមិននាំអោយយើងទៅធ្វើកម្មវិធីដូចជាកការច្រឹបសាចជាដើម។
- មានភាពជោគជ័យដល់ទៅ 70%ក្នុងការច្រឹបសាច់យកទៅពិនិត្យ នៅពេលការធ្វើ MRI ត្រូវបានកំនត់សង្ស័យលើប្រភេទមហារីកកាចលើក្រពេញប្រូស្តាត ហើយប្រៀបធៀបទៅនឹងភាពជោគជ័យដោយឡែក30%ទៀតក្នុងការដែលសម្រេចធ្វើការច្រឹបសាច់ដោយមិនមានការធ្វើ MRI ជាមុន។
- 51%ត្រូវបានកាត់បន្ថយទៅលើអាត្រាមិនចាំបាច់ដូចជាការច្រឹបសាច់ជាដើម

គុណវិបត្តិនៃក្រពេញប្រូស្តាត MRI
- អស់ប្រាកច្រើន
- ពេលខ្លះត្រូវប្រើបន្ទះអាលុយមីញ៉ូមសូកចូលតាមទ្វារធំក្នុងពេលស្កែន ដែលការធ្វើរបៀបនេះលឺហើយរឹតតែធ្វើយើងភ័យខ្លាច។
- វាមិនមែនជាមធ្យោបាយដែលកំនត់ច្បាស់ថាពិតជាអាចចាប់យកឬរាវរកជម្ងឺមហារីកដោយឃើញសុទ្ធសាធនោះទេ។ ប្រសិនបើស្កែនហើយនៅតែស្រពិចស្រពិល ការច្រឹបសាច់យកទៅពិនិត្យនឹងនៅតែជាជម្រើសបន្តដដែល។
មហារីកប្រូស្តាតបាននាំមកនូវបញ្ហាផ្លូវចិត្តជាច្រើនដល់អ្នកដែលសង្ស័យថាមានជំងឺប្រភេទនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអត្ថប្រយោជន៍និងស្វែងយល់ពីខ្លឹមសារនេះ។ ប្រសិនបើអ្នកមានសំនួរបន្ថែមសូមពិភាក្សាជាមួយអ្នកជំនាញខាងរោគទឹកនោមដែលជឿទុកចិត្តរបស់អ្នក។ ហើយវានឹងក្លាយជាកិត្តិយសរបស់ខ្ញុំប្រសិនបើអ្នកផ្ញើសារ ខ្ញុំ។ ថែរក្សា!




