ភារកិច្ចទាំងនេះត្រូវបានទទួលខុសត្រូវដោយអាណាព្យាបាលដែលជាអ្នកទទួលបន្ទុកមើលថែកូនៗ។ ជាទូទៅក្នុងនាមជាអាណាព្យាបាលយើងរមែងមិនចង់ទទួលការព្យាបាលណាមួយចំពោះកូនៗរបស់យើងដែលប្រព្រឹត្តទៅដោយមានការវះកាត់ក្នុងករណីដែលមិនចាំបាច់នោះទេ តើត្រឹមត្រូវទេ? បញ្ហាស្បែកចុងលឹង្គមិនព្រលាត់ដែលយើងហៅតាមស័ព្ទវេជ្ជសាស្ត្រជាភាសាអង់គ្លេសថា “Phimosis” វាជាបញ្ហាដ៏សាមញ្ញមួយដែលយើងច្រើនជួបនៅក្នុងផ្នែកប្រព័ន្ធទឹកនោមនៃកុមារ ឬជាភាសាអង់គ្លេស Pediatrics Urology sector ដែលអាណាព្យាបាលច្រើនរូបតែងតែចោទសួរមកថា : ១/តើកូនរបស់ខ្ញុំមានបញ្ហាស្បែកចុងលឹង្គមិនព្រលាត់មែនទេ? ២/បញ្ហាស្បែកចុងលឹង្គមិនព្រលាត់មានគ្រោះថ្នាក់ដែរឬទេ? ៣/តើយើងគួរធ្វើយ៉ាងដូចម្តេចសម្រាប់បញ្ហានេះ? តើយើងអាចរកវិធីដោះស្រាយសម្រាប់បញ្ហាស្បែកចុងលឹង្គមិនព្រលាត់តាមជំរើសដទៃដ៏សមរម្យណាផ្សេងបានឬទេ ឬមួយមានតែជម្រើចុងក្រោយដោយត្រូវទទួលមុខកាំបិតវះកាត់នេះ? រាល់សំនួរនឹងការងឿងឆ្ងល់ខាងលើ ខ្ញុំនឹងលើកយកប្រធានបទមួយនេះមកពន្យល់អោយបានក្បោះក្បាយសម្រាប់បញ្ហាដែលពាក់ព័ន្ធនឹងស្បែកចុងលឹង្គមិនព្រលាត់ ការពន្យល់ខាងក្រោមនេះខ្ញុំផ្តោតទៅតាមភាពពិតនៃបច្ចេកទេសវេជ្ជសាស្រ្ត សូមមិនពាក់ព័ន្ធទៅហ្នឹងរឿងកិច្ចការសាសនាណាមួយឡើយ។

ការវះកាត់បញ្ហាស្បែកចុងលឹង្គមិនព្រលាត់បែងចែកចេញជា២ចំនុច:
- កត្តាស្បែកចុងលឹង្គមិនព្រលាត់ដោយធម្មជាតិ ជាភាសាអង់គ្លេស Physiologic phimosis or naturally phimosis ដែលតាមរបាយការណ៍អាចមានដល់ទៅ 96%សម្រាប់ទារកដែលទើបនឹងកើត។
- កត្តាចុងលឹង្គមិនព្រលាត់ដោយមេរោគលើស្បែក ជាភាសាអង់គ្លេស Pathological phimosis ដែលវាអាចកើតឡើងតាមរយៈការរលាកនៅលើស្បែកឬការបង្កររោគនៅលើស្បែក ដែលពេលខ្លះគេអាចហៅវាថាកត្តាចុងលឹង្គមិនព្រលាត់ដែលអាចបង្ករទៅជាកោសិការមហារីកជាដើម។

មិនមែនក្មេងប្រុសទាំងអស់ត្រូវការការកាត់ស្បែកកុមារទេ។
ពេលនេះខ្ញុំចង់អោយលោកអ្នកផ្តោតតែទៅលើកត្តាចុងលឹង្គមិនព្រលាត់ជាលក្ខណះធម្មជាតិដែលកើតឡើងចំពោះកុមារវិញម្តង។ កត្តាចុងលឹង្គមិនព្រលាត់ជាលក្ខណះធម្មជាតិ វាបង្ហាញទម្រង់ការបត់ជើងតូច(នោម)ចេញមកនៅចុងលឹង្គមានទម្រង់ដូចប៉េងប៉ោងនៅខាងចុងស្បែកលឹង្គ។ ភាគច្រើនយើងឃើញកើតនៅលើកុមារដែលមានអាយុប្រហាក់ប្រហែល៣ឆ្នាំ ហើយអ្វីដែលគ្រូពេទ្យចង់អោយមានការតាមដានលើបញ្ហានេះគឺ អាណាព្យាបាលត្រូវតែប្រាកដចិត្តថាស្បែកចុងលឹង្គរបស់កូនអ្នកអាចព្រលាត់មកវិញឬក៏មិនអាច នៅពេលដែលពួកគាត់ចាប់ផ្តើធំឡើង។ កត្តាចុងលឹង្គមិនព្រលាត់ជាលក្ខណះធម្មជាតិអាចនឹងត្រូវបានដោះស្រាយដោយខ្លួនឯងនៅពេលដែលកុមារធំឡើង មានការបញ្ជាក់ជាភាគរយថា ១០ភាគរយនឹងនៅតែមានបញ្ហាទោះជាអាយុ៣ឆ្នាំក៏ដោយ ហើយនឹងមានចំនួន ១ភាគរយនឹងនៅតែមានបញ្ហាដដែលទោះជាមានអាយុដល់ទៅ១៧ឆ្នាំក៏ដោយ។ ក្រៅតែអំពីការសង្កេត យើងមានវិធីមួយទៀតគឺកាប្រើ ក្រែមតូពីកាល់ topical cream សម្រាប់ការព្យាបាល មានការសិក្សាជាច្រើនទាក់ទងជាមួយការប្រើ ស្តេរ៉ូអ៊ីត លាបផ្ទាល់ទៅនឹងស្បែកចុងលឹង្គដែលមិនព្រលាត់ត្រូវបានគេយកមកនិយាយ។ មានការណែនាំពាក់ព័ន្ធទៅនឹងរបបការប្រើប្រាស់ប្រភេទក្រែមតូពីកាល់រយះពេល៤សប្តាហ៍ មានលទ្ធផលវិជ្ជមានដល់ទៅ៧០ភាគរយដែលទទួលភាពជោគជ័យ មិនប្រឈមហានិភ័យ ហើយអាចប្រើប្រាស់តាមតម្រូវការជាក់ស្តែងបាន។ ការវះកាត់ស្បែកចុងលឹង្គមិនព្រលាត់វាជាជម្រើសចុងក្រោយបង្អស់ធ្វើឡើងនៅពេលដែលកុមារមិនអាចរកមធ្យោបាយដទៃទៀតបាន ហើយក្នុងពេលនោះដែរ កុមារបានទទួលរងផលប៉ះពាល់ដូចជាការបង្កររោគនិងរលាកនៅចុងស្បែកលឹង្គដែលបណ្តាលមកពីស្បែកចុងលឹង្គដែលមិនព្រលាត់នេះឯង។ ប្រសិនបើលោកអ្នកដែលជាអាណាព្យាបាលមានជាសំណួរឬចង់ពិភាក្សាបន្ថែមពាក់ព័ន្ធជាមួយបញ្ហាដូចខាងលើនេះ សូមមេត្តាស្វែងរកគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើកិច្ចពិភាក្សាជាមួយ ឬមួយបើលោកអ្នកចង់ផ្ញើសំនួរមកកាន់ខ្ញុំ ខ្ញុំរីករាយនឹងឆ្លើយតប។ សូមអរគុណ





ប្រធានបទនៅលើ ជំងឺអ៊ប៉សគ្រូពេទ្យ
ការនោមញឹកចំពោះកុមារ
កុមារ ក៏ដូចជាមនុស្សធំត្រូវបានទៅមើលការិយាល័យ Urology របស់ខ្ញុំ។ មានរោគសញ្ញាមួយដែលមានការត្អូញត្អែរជាទូទៅចំពោះអ្នកជំងឺកុមារ ហើយនោះគឺ "ភាពញឹកញាប់នៃការនោមរបស់កុមារ"។ ភាពញឹកញាប់នៃការនោម ជាធម្មតាស្របគ្នានឹងការប្រញាប់ប្រញាល់នោម អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានចាត់ថ្នាក់ពួកវាថាជារោគសញ្ញាដែលហៅថា Overactive bladder Syndrome (OAB)។ រោគសញ្ញានេះ OAB ត្រូវបានគេរាយការណ៍ថាប្រហែលជា…